ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអភិសន្តិបណ្ឌិត ស សុខា​គាំទ្រពេញទំហឹងចំពោះការសម្រេច​ចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជាចេញពីតំបន់ត្រីកោណ​អភិវឌ្ឍន៍

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងចំពោះ​ការសម្រេចចិត្ត​ប្រកប​ដោយប្រតិភាណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤​ លោកអភិសន្តិបណ្ឌិត ស សុខា បានសរសេរថា ៖ ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះការ​សម្រេចចិត្តដ៏​ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះ​រាជាណាចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

លោកអភិសន្តិបណ្ឌិត ស សុខា បន្តថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ពិតជាយក​ចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពល​រដ្ឋគ្រប់និន្នាការនយោបាយ ចំពោះជោគវាសនា​ជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងគាំទ្រគណបក្ស​ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរ​ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធនៅតំបន់ព្រំដែន។ ជាពិសេស ជាយុទ្ធសាស្ត្រផ្ដាច់ ឫសគល់របស់ក្រុមអគតិឱកាសនិយមជ្រុល ដែលឆ្លៀតយកប្រធានបទ CLV-DTA ធ្វើជាឧបករណ៍នយោបាយដុតរោលកម្ពុជា។

លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្តដែរថា ផ្ទុយពីនេះ ចំពោះការចូលរួមទាំងមតិ ទស្សនៈ ស្មារតី សម្ដែងរាល់ក្ដីកង្វល់​ដ៏ពិតប្រាកដ ក៏ដូចជាការបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនា​សម្ព័ន្ធតាមព្រំដែនផងនោះ យើងនៅតែតម្កល់ជាមនសិកា​រ​ស្នេហាជាតិ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងសុច្ឆន្ទៈសាមគ្គីជាខ្មែរតែមួយ។

លោកអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងនាមជា​ប្រជា​ពល​រដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន បន្តគោលជំហរជាវិជ្ជមាន គាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមអគ្គមគ្គុទេសក៍ប្រកដោយប្រតិភាណរបស់សម្ដេចតេជោ និង​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តកិច្ចសហប្រតិបត្តិការ​ក្នុងនាមជា​ប្រទេសជិតខាងល្អ និងជាបងប្អូនល្អ ទាំងជាមួយប្រទេសឡាវ និងវៀតណាម ស្របតាម​ស្មារតីបន្តរក្សា និងអភិវឌ្ឍន៍ព្រំដែន ឱ្យប្រកបដោយសន្តិភាព វឌ្ឍនភាព និងសន្តិសហវិជ្ជមានលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងសងខាង។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏ អំពាវនាវដល់បងប្អូនជនរួមជាតិ បន្តពូនជ្រំស្មារតីសាមគ្គីជាធ្លុងមួយ ក្រោមព្រះរាជបារមី នៃព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរួមគ្នាសម្រេច​បានសមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ជូនជាតិ និងប្រជាជន ក្រោមម្លប់សុខ​សន្តិភាព ដូចអតីតកាលចុងក្រោយនៃជាតិយើង ដែលមានការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិត​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នមានរាជរដ្ឋាភិបាលបន្តវេន ប្រកបដោយភាពស្វាហាប់ ក្រោមមាគ៌ាដឹកនាំ​ដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕