ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច ស្នើក្រុមហ៊ុន GEELY COMMERCIAL VEHICLES ពិនិត្យលទ្ធភាព និងធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤–

តបតាមការអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចូលជួបពិភាក្សាការងារ ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY។

តាមការឱ្យដឹងពីតំណាងខាងរោងចក្រ GEELY បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ មានរថយន្តក្រឡុកស៊ីម៉ង់ រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកកុងទីន័រ និងរថយន្តដឹកទំនិញ ជាដើម។ល។ ហើយបន្ថែមពីនេះ ការដំឡើង និងផលិតរថយន្តអគ្គិសនី គឺត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី) (មេតាណុល+អាគុយអគ្គិសនី) ដែលមានលក្ខណៈទំនើប និងសន្សំសំចៃខ្ពស់។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បង្ហាញការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត គ្រប់ប្រភេទរបស់រោងចក្រ។ ជាមួយគ្នានេះ ដើម្បីចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផលក្នុងវិស័យកសិកម្ម លោកបណ្ឌិត បានធ្វើការស្នើសុំដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និង/ឬ ធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក (logistics) នៅកម្ពុជា ផងដែរ៕

ដោយ ផែន រតនៈ