កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
យុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ បានផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួន ៤ ក្នុងនោះរួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។ សំណុំរឿងចរាចរណ៍ ទូទាំងប្រទេស សរុបចំនួន ៤ ៤៧៤ សំណុំរឿង ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងថ្មី ក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វគ្រប់ចំនួន ៣ ៦៩៦ សំណុំរឿង ស្មើនឹង ៨២,៦១%។ ចំណែកឯ សំណុំរឿងដែលនៅសល់មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ១ ០៤១ សំណុំរឿង ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីដោះស្រាយរួចរាល់បានរហូតដល់ទៅ ៩៨% នៅសល់ ២១ សំណុំរឿង ប៉ុណ្ណោះ ដែលជាសំណុំរឿងស្មុគស្មាញ ជាពិសេស ពិបាកក្នុងការកំណត់សាវតារជាតិរបស់ជនសង្ស័យ ដែលទាមទារពេលវេលាក្នុងការចាត់ការ ដើម្បីធានានូវផលប្រយោជន៍របស់ជនរងគ្រោះ។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានពិនិត្យឃើញផងដែរថា ការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័ស។ ទន្ទឹមនេះ, អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ និងបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានតទៅទៀតហើយ នៅក្នុងក្របខ័ណ្ឌនៃការកែទម្រង់នេះ។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈតេឡេក្រាម (Telegram) ឃូលអេប (CoolApp) និងលេខទូរស័ព្ទ 099 444 181។