ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធអបអរសាទរខួបកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកគឺជាការឆ្លុះបញ្ចាំងនូវចក្ខុវិស័យនិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤–

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ពោលគឺសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី គឺដើម្បីរំលេចនូវសមិទ្ធផលនានាដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ក្រោមការរៀបចំរបស់ក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០០៤ គឺជាឆ្នាំដែលកូនខ្មែរចងចាំនៅពេលដែលកម្ពុជាគឺជា ប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច អាចសម្រេចបាននូវជោគជ័យដ៏កម្រនៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជកម្មពហុភាគី ដែលយើងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពេញសិទ្ធិ ហើយយើងនៅចងចាំបានថា តាមរយៈជោគជ័យដ៏ត្រចះត្រចង់នេះកិត្តិនាម របស់កម្ពុជាបានលេចខ្ពស់ត្រដែត ហើយបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងឡាយបានមក រៀនសូត្រពីបទពិសោធន៍របស់កម្ពុជាថែមទៀតផង។ សម្ដេចធិបតីលើកឡើងថា កម្ពុជានាពេលនេះបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ជាប្រទេសដែលមានសក្តានុពលមួយនៅក្នុងតំបន់អាស៊ី ដែលវាមិនមែនកើតចេញដោយចៃដន្យ ឬមួយកើតចេញដោយសារទេវតាចិត្តល្អសម្រាប់យើងនោះទេ។

សម្ដេចធិបតីបន្ដថា នេះគឺវាកើតចេញពីការដាក់ចេញនូវគោល នយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ សមដូចការលើកឡើងរបស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជកម្មដែលថា ការចូលជាមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឆ្នាំ២០០៤ មិនមែនយើងដាក់ពាក្យថ្ងៃនេះ ថ្ងៃស្អែកគេឱ្យយើងចូលនោះទេ ពោលយើងត្រូវរង់ចាំអស់រយៈពេលមួយទសវត្សរ៍ ដោយយើងបានចាប់ផ្តើមធ្វើការចរចានៅក្នុងឆ្នាំ១៩៩៤ ដែលកាលនោះយើងបានសុំចូលជាសមាជិកស្ថាបនិកដំបូងនៅមុនអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្កើតឡើងកាលពីឆ្នាំ១៩៩៥ តែដោយសារតែនីតិវិធីផ្ទៃក្នុង បានធ្វើឱ្យមានការពន្យាពេលសម្រាប់កម្ពុជាចូលជាសមាជិក WTO នេះ ហើយក្រោយមកដោយសារតែមានបញ្ហាខាងនយោបាយផ្ទៃក្នុងខ្លះរបស់កម្ពុជាខ្លួនឯង បានធ្វើឱ្យមានការពន្យាពេលបន្តទៀត។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «ប៉ុន្តែអ្វីដែលជាកិច្ចការសំខាន់ គឺក្រោយយើងចប់សង្គ្រាមឆ្នាំ១៩៩៨ យើងបានធ្វើសមាហរណកម្មកម្ពុជាទៅក្នុងពិភពលោក ខិតខំធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងការទូត ដែលជាហេតុធ្វើឱ្យកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០៤។ ដែលនេះគឺជាការចូលរួមរបស់កម្ពុជានៅក្នុងយន្តការតំបន់ផង និងនៅក្នុងយន្តការពិភពលោកផង ដោយវាបានផ្តល់ផលជាច្រើនដល់កម្ពុជា»។

សូមជម្រាបជូនថា កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយកម្ពុជាបានក្លាយជាសមាជិកទី១៤៨ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ក្នុងនោះក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្មប្រជាជាតិ ដែលទទួលបានភាពអនុគ្រោះបំផុតក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូចសមា ជិកទាំងអស់៕ ដោយ៖ ចាន់ សុភឿន