រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន សំដៅទាក់ទាញការវិនិយោគបន្ថែមពីបរទេសលើវិស័យសំខាន់ៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។
ការបញ្ជាក់របស់ លោក រដ្ឋមន្ត្រីខាងលើបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គ្រីស ហេលហ្សឺ (CHRIS Helzer) អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ដ៏ធំរបស់សហរដ្ឋអាមេរិក និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញដល់តំណាងក្រុមហ៊ុន NIKE អំពីវិធានការសំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។
ជាមួយនោះផងដែរ លោក រដ្ឋមន្ត្រីក៏បានជម្រាបជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក និងសហការីនៅទីក្រុងហុងកុងថ្មីៗនេះ ដើម្បីបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងប្រែក្លាយវិស័យកាត់ដេរមួយជំហានបន្ថែមទៀត។
សម្រាប់ លោក គ្រីស ហេលហ្សឺ អនុប្រធានក្រុមហ៊ុនបានឲ្យដឹងថា កម្ពុជាមានអនុលោមភាពខ្ពស់ទៅនឹងស្តង់ដារពលកម្មអន្តរជាតិ តាមរយៈកម្មវិធីត្រួតពិនិត្យរោងចក្រនានាដែលបានអនុវត្តជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។
លោកបានលើកឡើងថា ចំពោះក្រុមហ៊ុនដូចជា NIKE អនុលោមភាពស្ដង់ដារពលកម្មអន្តរជាតិជាកត្តាមួយចម្បងផងដែរក្នុងការវិនិយោគ និងធ្វើការបញ្ជាទិញ ហើយក្រុមហ៊ុន NIKE នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយយោងលើកត្តានេះ។
បន្ថែមលើនេះទៀត លោក គ្រីស ហេលហ្សឺ ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុន NIKE ក្នុងការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ផ្តល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។