ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មរកឃើញ​​បេក្ខ ជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរ ស័ព្ទចល័ត សម្រាប់ខែឧសភាឆ្នាំ២០១៩

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានរកឃើញបេក្ខ​ជន​ជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធី App ព័ត៌មានតាមទូរ ស័ព្ទចល័តច្រើន ជាងគេ សម្រាប់ខែឧសភា ឆ្នាំ២០១៩ គឺបានទៅលើលោក ស៊ុន ប៊ុនថុង ដែលជាបុគ្គលិក​ក្រុម​ហ៊ុន Mega Asset Management ។

លោក ​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា  បេក្ខជនជ័យ​លាភី ដែលបានតាម​​​ដាន និងគាំទ្រសកម្មភាពនានារបស់​ក្រសួងពាណិជ្ជកម្ម តាមរយ:​ការ​ចុច Like និងចែករំលែកព័ត៌​មាន​​​បន្ត នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនច្រើនជាងគេ។

លោក​រដ្ឋមន្ត្រីបានមានប្រសាសន៍ទៀត​​ថា កម្មវិធី App ព័ត៌មានរបស់ក្រ​សួងពាណិជ្ជ​កម្ម​មានផ្ទុកនូវកម្រងសេវាសាធារណៈ និងសកម្មភាពការងារប្រចាំ​ថ្ងៃរបស់ថ្នាក់​ដឹកនាំ​ក្រសួង ដើម្បីផ្តល់ចំណេះដឹងស្តីពី​ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​នៅកម្ពុជា។

ទន្ទឹមគ្នានេះ សាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនង ឬសាក​សួរព័ត៌មានផ្សេងៗ មកកាន់ក្រសួងពាណិជ្ជកម្ម ហើយមន្ត្រីទំនាក់ទំនង​សា​ធារណៈ​របស់​​ក្រ​សួង និងផ្នែកពាក់ព័ន្ធ នឹងខិតខំឆ្លើយតបបញ្ហា ឬធ្វើការបកស្រាយចម្ងល់​ទាំង​ឡាយ ទៅតាមលទ្ធភាពជាក់ស្តែង។

លើសពីនេះ លោក​​រដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ធ្វើ​ការដោនឡូត (ទាញយក) កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មទៅប្រើ​ប្រាស់​ឱ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ​ទំនាក់ទំ​នង​សារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ឱ្យបានទៅដល់ដៃ​សាធារណ​ជន​គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះបាន​កំពុងដើរតួជា​ស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្មផង​ដែរ។

ដើម្បីដោនឡូត ឬទាញយកកម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកប្រើ​ប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Play Store (Android) ឬ App Store (IOS) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច។