រាជធានីភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្តាំផ្ញើរទៅប្រជាកសិករ ក៏ដូចជាក្រុមហ៊ុនធំៗដែលបាននិងកំពុងចិញ្ចឹមសត្វសូមកុំពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនបន្ថែម ពោល ឈប់សិនទៅបើពង្រីកការចិញ្ចឹមសត្វទៀត ដូចធ្វើបាបខ្លួនឯង។
ឯកឧត្តម តាន់ ផាន់ណារ៉ា មានប្រសាសន៍កាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមផ្តាំទៅបងប្អូនឈប់ពង្រីកការចិញ្ចឹមសត្វ។ កសិករក៏កុំពង្រីក ហើយក្រុមហ៊ុនធំៗក៏កុំពង្រីកការចិញ្ចឹមសត្វរបស់ខ្លួនបន្ថែម ឈប់សិនទៅ បើពង្រីកប្រៀបដូចធ្វើបាបខ្លួនឯង ហើយកុំខឹងខ្ញុំដែលផ្អាកមិនឱ្យនាំចូលជ្រូកពូជ ដោយសារពូជមេបាជ្រូកនៅក្នុងស្រុក ក៏ដូចជាការផលិតរបស់យើងក៏លើសតម្រូវការដែរ។
ឯកឧត្តមប្រតិភូបានថ្លែងថា ក្នុងឆ្នាំ២០២៤ហេតុអ្វីបានជាតម្លៃមាន់៣សាសន៍ និងមាន់សាច់មាន តម្លៃល្អនៅលើទីផ្សារ ? គឺដោយសាររូបលោកបិទមិនឱ្យនាំចូលកូនមាន់ពូជមកពីខាងក្រៅច្រើនលើសលុប។ បើកឱ្យនាំចូលស្ថិតក្នុងកម្រិតមួយមានតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ជាហេតុធ្វើតម្លៃមាន់នៅលើទីផ្សារអាចរក្សាបានស្ថិរភាពថ្លៃជូនដល់អ្នកចិញ្ចឹម។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “ថ្ងៃនេះខ្ញុំស្នើរថា ចាប់ពីពេលនេះទៅកសិករ និងក្រុមហ៊ុនឈប់ពង្រីកការចិញ្ចឹមសត្វ លុះត្រាតែទីផ្សារត្រូវបានបើក ចាំចាប់ផ្តើមធ្វើការពង្រីកឡើងវិញ។ នៅពេលមានទីផ្សារយើងអត់ពិបាកនោះទេ ហើយដល់ពេលនោះខ្ញុំលែងហាមទៀតឃាត់ទៀតហើយ ចង់ផលិតអ្វីផលិតចុះ”។
ទាក់ទងនិងការចិញ្ចឹមសត្វនៅកម្ពុជានាពេលកន្លងមកជួបបញ្ហាតម្លៃ, ឯកឧត្តម តាន់ ផាន់ណារ៉ា បានលើកឡើងទៅខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក្នុងន័យឱ្យជាន់ហ្វ្រាំង ឈប់ជាន់ហ្គាកាលឆ្នាំ២០២១ ហើយនៅពេលនោះបើអ្នកចិញ្ចឹមសត្វស្តាប់ អត់មានបញ្ហាទេ។ តែមកដល់ពេលនេះ ឯកឧត្តមត្រូវចាត់វិធានការដោយខ្លួនឯង តាមរយៈមិនអនុញ្ញាឱ្យនាំចូលជ្រូកមេពូជ។
យោងតាមការធ្វើបទបង្ហាញពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតកម្មសត្វសរុបមានអត្រាកំណើនមធម្យប្រចាំឆ្នាំកើនឡើង៥,៧%ក្នុងមួយឆ្នាំ ហើយក្នុងនោះផលិតកម្មសត្វលក្ខណៈគ្រួសារមានអត្រាកំណើនមធ្យមប្រចាំឆ្នាំកើនឡើង២,៨%ក្នុងមួយឆ្នាំ, ផលិតសត្វលក្ខណៈពាណិជ្ជកម្មមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំកើនឡើង១១,២%ក្នុងមួយឆ្នាំ។
សម្រាប់ឆ្នាំ២០២៤ ប្រៀបធៀបនឹងឆ្នាំ២០២៣ ផលិតកម្មសត្វសរុបមានអត្រាកំណើន៤,១% ក្នុងនោះផលិតកម្មសត្វលក្ខណៈគ្រួសារមានអត្រាកំណើន១,៧% និងផលិតកម្មសត្វលក្ខណៈពាណិជ្ជកម្មមានអត្រាកំណើន៧,៥% ៕