ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ

នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង លោក លោកជំទាវ ជាប្រធានអនុគណៈកម្មការ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តចូលរួមជាច្រើននាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី បានគូសរំលេចអំពីគោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៖

(១)-ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ

(២)-ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា

(៣)-បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។