លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវការកោតសរសើរលើសមិទ្ធផល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស ម្រេចបានលើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ និងភាពជោគជ័យលើការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីល។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ជាមួយ រដ្ឋមន្ត្រី ជា វ៉ាន់ដេត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ប្រធានសភាពាណិជ្ជកម្មខាលើ បានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង និងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឆ្លៀតនាឱកាសនោះ រដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ការធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង ការរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់នានាផងដែរ៕ ដោយ៖ កន ចំណាន