សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថាការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំថ្ងៃ, ការអប់រំ គឺជាគោលដៅរបស់រាជរដ្ឋាភិបាលដែលចង់បាន និងបន្តធ្វើ ឧទាហរណ៍ជាក់ស្តែង, ការធ្វើទំនើបកម្មអគាសិក្សា គ្រឿងបំពាក់បរិក្ខាសិក្សា ផាសុខភាព គឺជាអ្វីបាននឹងកំពុងបំពេញសេចក្តីត្រូវការ និងវឌ្ឍនភាពសង្គម។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំមិននិយាយតែពីហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ គឺត្រូវនិយាយអំពីគ្រូ សិស្ស មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ក្នុងនាមរដ្ឋាភិបាល ត្រូវដោះស្រាយគ្រប់ប្រភេទ កម្រិតជីវភាពប្រជាជន, ការរស់នៅប្រចាំថ្ងៃ, សុវត្ថិភាព និង សន្តិសុខ។ អាស្រ័យហេតុនេះ, សារសំខាន់នៃការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលនៅកម្ពុជា គឺជាចំណុចគន្លឹះដែលឪពុកម្តាយ, អាណាព្យាបាល ចង់បានការបណ្តុះបណ្តាលកូនៗរបស់ខ្លួនជាអាទិភាព ដើម្បីធានានបាននូវអនាគតល្អប្រសើរ។ ដូចនេះ, បើយើងមិនចេះ, យើងគ្មានធនធានមនុស្សល្អ, យើងច្បាស់ជាគ្មានឯករាជ្យនោះទេ គឺត្រូវពឹងគេ ដើម្បីជួយធ្វើផែនការ, កម្មវិធីនយោបាយ, នយោបាយសេដ្ឋកិច្ច, តែបច្ចុប្បន្នយើងមានធនធានមនុស្ស យើងអាចធ្វើបានដោយខ្លួនឯង និងមានភាពជាម្ចាស់ការលើជោគវាសនារបស់ខ្លួន។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការអប់រំ និងកសាងធនធានមនុស្ស, រាជរដ្ឋាភិបាលត្រូវឈរលើគោលការណ៍ពង្រឹងទាំងបរិមាណ និងគុណភាព។ ១/ បរិមាណ គឺជាការសិក្សាតាមរយៈការជំរុញក្នុងការពង្រីកគ្រឹះស្ថានសិក្សាឱ្យទៅដល់មូលដ្ឋានទូទាំង២៥ រាជធានី-ខេត្ត ដែលមិនត្រឹមតែជាការផ្តល់ឱកាសដល់សិស្សក្នុងការសិក្សាប៉ុណ្ណោះទេ តែក៏ជាការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អាចធ្វើការពង្រីកផង និងពង្រឹងគុណភាពផង ដើម្បីបម្រើគោលបំណងសំខាន់២ គឺ “ឱ្យសិស្សរៀនបានច្រើន រៀនបានវែង និងគុណភាព”។ និង ២/ គុណភាព គឺជាការកែទម្រង់ និងការធ្វើទំនើបកម្មសិក្សា តាមរយៈការផ្តោតលើការកែទម្រង់ប្រព័ន្ធសិក្សា, កម្មវិធីសិក្សា និងទំនើបកម្មស្របតាមបរិបទបច្ចុប្បន្ន និងអនាគត ហើយក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំព្យាយាមបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិត។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាចំពោះការពង្រឹងការអប់រំ យើងត្រូវឆ្ពោះទៅគោលការណ៍នៃការពង្រឹងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ដោយឆ្នាំនេះ អាណត្តិនេះ គឺជាអាណត្តិនៃការពង្រឹង ជាជាងការពង្រីក ហើយបើពង្រីក គឺត្រូវធ្វើតាមការចាំបាច់បំផុត។ រាជរដ្ឋាភិបាលសម្រេចអនុវត្តសកម្មភាពដោយយកគោលការណ៍, យកភាពគំរូ ដោយរៀនក្នុងការដឹកនាំ៖ ពង្រឹងគ្រូ បន្ថែមម៉ោង ច្នៃប្រឌិត, ការយកចិត្តទុកដាក់សុខភាពរបស់សិស្ស ដោយត្រូវគិតគូរអំពីរបបអាហារ និងការលក់អាហារសម្រាប់សិស្សក្នុងសាលា និងការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍។ ដោយ៖ កន ចំណាន