ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» រវាងក្រសួងសង្គមកិច្ច និងអង្គការ Care For Children នៅព្រះរាជវាំង Kensington

AKP អង់គ្លេស ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥–

រដ្ឋមន្ដ្រី ជា សុមេធី តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ តំណាងអង្គការ Care For Children នៃចក្រភពអង់គ្លេស អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គម្ចាស់ Michael George of Kent សមាជិករាជវង្សអង់គ្លេស សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៨ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃពិធីចុះហត្ថលេខា រដ្ឋមន្ត្រី បានជជែកពិភាក្សាជាមួយព្រះអង្គម្ចាស់ Michael George of Kent និងបានជម្រាបថ្វាយជូនព្រះអង្គម្ចាស់អំពីវឌ្ឍនភាព និងទិសដៅការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារ ជាពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គម សម្រាប់ជួយដល់ជនក្រីក្រ និងងាយរងហានិភ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលនានា នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children លើការអនុវត្តគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» ដែលបានអនុវត្ត៣ឆ្នាំ (២០២២-២០២៥) កន្លងមកផងដែរ ។

ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ Michael George of Kent បានចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពនានាដែលរដ្ឋមន្ត្រី បានទូលថ្វាយជូន ហើយព្រះអង្គម្ចាស់សូមគាំទ្រដល់កិច្ច សហការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care For Children លើការអនុវត្តគម្រោង ៣ឆ្នាំ (២០២៥-២០២៨) បន្តទៀតសំដៅធ្វើយ៉ាងណាឱ្យសេវានៃការថែទាំកុមារនៅក្នុងគ្រួសារកាន់តែ មានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឧត្តមប្រយោជន៍របស់កុមារ។

សូមបញ្ជាក់ថាគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» ដែលត្រូវបានចុះហត្ថលេខានេះមានគោលបំណង ៤ សំខាន់ៗ គឺ ទី១ លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា តាមរយៈការអភិវឌ្ឍការថែទាំកុមារក្នុងគ្រួសារដែលជាការថែទាំជំនួសជាវិជ្ជមាន ជំនួសឱ្យការថែទាំនៅតាមមណ្ឌលថែទាំ, ទី២ បណ្តុះបណ្តាលដល់អ្នកថែទាំកុមារនៅក្នុងមណ្ឌលថែទាំកុមារនូវចំណេះដឹង និងជំនាញ ដើម្បីដំណើរការអនុវត្តកម្មវិធីថែទាំកុមារតាមគ្រួសារ ព្រមទាំងប្រែក្លាយអ្នកថែទាំក្នុងមណ្ឌលថែទាំ ទៅជាបុគ្គលិកសង្គមកិច្ចបឋម, ទី៣ ពង្រឹងគុណភាពជីវិតរបស់កុមារ តាមរយៈការទុកដាក់កុមារទៅរស់នៅក្នុងគ្រួសារសហគមន៍ និងទី៤ ចូលរួមសហការក្នុងការផ្សព្វផ្សាយការងារថែទាំជំនួសចំពោះកុមារនៅក្នុងប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំសន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗ៕