ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd បានចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម សម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ជាមួយក្រុមហ៊ុន CITIC Construction នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។
គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ទាក់ទិនគោលដៅធំ គឺការជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំ ចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើការជំរុញការនាំចេញអង្ករឲ្យបានយ៉ាងតិច ១ លានតោន ក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតនៅតាមទីតាំងយុទ្ធសាស្ត្រ និងការដាក់ឲ្យអនុវត្ត យន្តការយកស្រូវ-អង្ករ ស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ សម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន ។
ក្រៅពីការអនុវត្តន៍តាមផែនការខាងលើ គម្រោងនេះ ជាការជួយទប់ស្កាត់កុំឲ្យឈ្មួញទុច្ចរិត អាចឆ្លៀតឱកាសបង្ខូច តម្លៃស្រូវ នេះជាការជួយឲ្យកសិករទុកស្រូវបានយូរ អាចលក់ស្រូវបានតាមតម្លៃសមរម្យ និងមានលទ្ធភាពទទួលបានឥណទាន ពេលត្រូវការចាំបាច់ តាមរយៈការយកស្រូវស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ។
តាមរយៈកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុមហ៊ុនហ្គ្រីនត្រេដ នឹងធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន ១២កន្លែង (មានសមត្ថភាពស្តុកសរុបជាង ៨០ម៉ឺនតោន) និងឡសម្ងួត ចំនួន ១០ កន្លែង (មានសមត្ថភាពសម្ងួតស្រូវបានជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ) ហើយគម្រោងនេះនឹងចាប់ផ្តើមនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា នៅក្នុងពិធីចុះហត្ថលេខានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអញ្ជើញជាអធិបតី និងជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា៕
