នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ និងសួរសុខទុក្ខកងកម្លាំងដែលកំពុងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ ដែលមានភារកិច្ចការពារបូរណភាពទឹកដី និងស្ថាបនាផ្លូវខ្សែក្រវ៉ាត់នៅតាមព្រំដែន។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងវិស្វកម្មអគ្គបញ្ជាការ ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ រួមចំណែកស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារសំខាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក បានលើកឡើងពីការកសាងផ្លូវខ្សែក្រវាត់ព្រំដែនរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងកំពុងបន្តអភិវឌ្បន៍ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជារបងការពារបូរណភាពទឹកដីដ៏សំខាន់ ដែលជាច្រើនជំនាន់មកហើយពុំដែលមានដូចសម័យនេះទេ។
លោក បានជំរុញឲ្យកងកម្លាំងបំពេញការងារនៅតំបន់ព្រំដែន ឱ្យបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយប្រទេសភូមិផងរបងជាមួយ ព្រមទាំងពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន។
លោក ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។
ជាមួយនោះ លោក អគ្គមេបញ្ជាការ បាននាំយកនូវថវិកាមួយចំនួនផ្ដល់ជូនកងកម្លាំងកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងកម្លាំងវិស្វកម្ម ដើម្បីរួមចំណែកនៅក្នុងការជួបជុំគ្នាទទួលទានអាហារសាមគ្គី នៅមុន ឬក្រោយនៃវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕ ដោយ៖ កន ចំណាន