លោក វេង សាខុន រដ្ឋមន្រី្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបក្រុមការងារស្រាវជ្រាវនៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីគាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយលោក រស់ សីលវ៉ា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ ដើម្បីស្វែងយល់បន្ថែមអំពី “ការពិនិត្យឡើងវិញលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា” ធ្វើការវាយតម្លៃលើទំហំវិនិយោគដោយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ម៉ូដែល គោលនយោបាយ និងយុទ្ធសាស្រ្តនៃការវិនិយោគ។
លោករដ្ឋមន្រី្ត វេង សាខុន បានមានប្រសាសន៍ថា ក្រុម ប្រឹក្សាសេដ្ឋកិច្ចជាតិដែលមានបំណង់ចង់សិក្សា និងស្រាវជ្រាវបន្ថែមលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជានាពេលនេះ។ អំពីការវិវឌ្ឍន៍រីកចម្រើនពីដំណាក់កាលមួយ មកដំណាក់កាលមួយក្នុងវិស័យកសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហាប្រឈម និងយន្តការ ឬនីតិវិធីដោះស្រាយទាំងរយ:ពេលខ្លី និងរយ:ពេលវែងដែលវិស័យនេះបាននិងកំពុងជួបប្រទះ។
លោករដ្ឋមន្ត្រីក៏បានឲ្យដឹងអំពីបច្ចុប្បន្នភាពនៃការវិនិយោគលើវិស័យកសិកម្មដែលក្រសួងកំពុងខំប្រឹងជំរុញគឺការកែច្នៃ និងនាំចេញ ដោយអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ការអនុវត្តកសិកម្មតាមកិច្ចសន្យា ការធ្វើកសិពាណិជ្ជកម្មសំដៅដល់ការផលិតផលិតផលដែលមានគុណភាព អនាម័យ និងភូតគាមអនាម័យ ឆ្លើយតមតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
លោក រស់ សីលវ៉ា និងក្រុមការងារបានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះធាតុចូលសំខាន់ៗដែលក្រសួងបានផ្តល់ជូននាពេលនេះ ហើយក្រុមការងារនឹងយកលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះទៅរៀបចំចងក្រជាឯកសារសម្រាប់ជាធាតុផ្សំសម្រាប់ទុកជាត្រីវិស័យសម្រាប់រៀបចំក្របខ័ណ្ឌម៉ូដែលនៃការវិនិយោគមួយមានយន្តការអនុវត្តច្បាស់លាស់ សមស្រប ប្រទាក់ក្រឡា និងប្រសិទ្ធភាពក្នុងរយៈពេលមធ្យម និងវែងដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានភាពរីកចម្រើន៕