(ជប៉ុន)៖ ឯកឧត្ដម ហាំង តុលា រដ្ឋលេខាធិការ និងឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មសិក្សាការី ពលករជំនាញខ្មែរចំនួន ៥១នាក់ នៅក្រុមហ៊ុនជប៉ុន ចំនួន ២ទីតាំងផ្សេងគ្នា ក្នុងខេត្តអាយឈិ ប្រទេសជប៉ុន បន្ទាប់ពីរៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុនរួចរាល់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនទាំងពីរ ដែលបានទទួលយកពលករពីកម្ពុជា និងបានពាំនាំនូវសេចក្តីនឹករលឹកផ្តាំផ្ញើសួរសុខទុក្ខ និងការជូនសព្ទសាធុការពរពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ជូនចំពោះបងប្អូនកម្មសិក្សាការី ពលករជំនាញខ្មែរទាំងអស់។ ឯកឧត្តមទាំងពីរក៏បានណែនាំឱ្យបងប្អូនកម្មសិក្សាការី ពលករជំនាញខ្មែរ ខិតខំបំពេញការងារ ក្រេបយកចំណេះជំនាញ ព្រមទាំងណែនាំអំពីសេវាគាំទ្រផ្សេងៗ នៅពេលជួបបញ្ហា។
ជាមួយគ្នានេះផងដែរ បងប្អូនកម្មសិក្សាការី ពលករជំនាញក៏បានបង្ហាញអារម្មណ៍រំភើបរីករាយ និងពេញចិត្ត ដែលថ្នាក់ដឹកនាំក្រសួងបានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខពួកគាត់ដល់ទីកន្លែងធ្វើការដោយផ្ទាល់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនទាំងពីរក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះកម្មសិក្សាការី ពលករជំនាញខ្មែរ ដែលមានភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ៕
#MLVT #HENGSour