ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកវិភាគរបស់ក្រុមប្រឆាំង ដូរអាជីព បើមិនយល់ពីជម្រៅនៃទំនាក់ទំនងកម្ពុជា-ចិន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យអ្នកវិភាគរបស់ក្រុមប្រឆាំងថា បើមិនយល់ពីជម្រៅនៃទំនាក់ទំនងកម្ពុជា-ចិនទេ ដូរអាជីពទៅ ព្រោះការវិភាគរបស់ពួកគេនឹងអស់ជំនឿពីប្រជាពលរដ្ឋ។

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជាសាធារណៈ តាមរយៈ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីរាត្រី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

កម្ពុជា និងចិន ក៏បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ដោយភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនតែមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។

ដោយឡែក ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ផ្ទុយទៅវិញក្រុមអ្នកប្រឆាំងបែរជាធ្វើមិនដឹងមិនឮ មិនយល់ ហើយព្យាយាមនិយាយបំភ្លៃការពិតពីទំនាក់ទំនងកកម្ពុជាចិន។

យ៉ាងណាក៏ដោយ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមិនជ្រើសរើសភាគីចិនឬអាម៉េរិកផ្ដាច់មុខឡើយ ពោលគឺជ្រើសគ្រប់ប្រទេសទាំងអស់ជាដៃគូសហប្រតិបត្តិការ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសំដីបំភ្លៃការពិតរបស់ក្រុមប្រឆាំងនិងបញ្ជាក់ពីទំនាក់ទំនងកម្ពុជាចិនយ៉ាងច្បាស់ៗថា«សូម្បីតែចិនក៏លែងជួយដែរ ស្ពៃហើយទំនាក់ទំនងកម្ពុជាចិនឯកោហើយ បន្តិចទៀតដួលហើយ ទី២.គេថា ព្រែកជីកតេជោហ្វូណនម៉េចហើយ លឺថាចិនឈប់ជួយហើយ អាលំហើយ ឥឡូវគេសួរថា អាម៉េចបានយើងមិនឆ្លើយតប និងពន្យល់ ខ្ញុំថា អ្នកខ្លះពន្យល់ស្ដាប់អត់ឮទេ គាត់ស្ដាប់មិនឮ គាត់ស្ដាប់ឮតែធ្វើមិនដឹង គាត់ស្ដាប់ឮតែបន្តធ្វើមិនដឹង កិច្ចការងារនិយាយស្ដីមិនមានការទទួលខុសត្រូវ ប៉ុន្តែអ្វីដែលសំខាន់គឺគេមើលឃើញជាក់ស្ដែង អាឡូវអ្នកនិយាយថា ចិនលែងមានទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីហើយ ស្ពៃហើយ ឥឡូវតាមទស្សនកិច្ចមួយនេះ (ទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង Xi Jinping) អាចអស់លោកបានស្ងប់ចិត្ត ហើយស្ងប់អារម្មណ៍ ឈប់និយាយទៅព្រោះនិយាយទៀតនាំតែខ្មាសគេ»។

សូមរម្លឹកថា លោក ស៊ីន ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥នេះ នៅព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលាព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតី បាននិវត្តទៅប្រទេសចិនវិញ ដោយមានការជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី AKP