លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានសន្យាខិតខំប្រឹងប្រែងស្វែងរកជំនួយបន្ថែម ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការ និងអនុគណៈកម្មការក្នុងការជំរុញការផ្សព្វផ្សាយ និងការស្វែងរកមូលនិធិ។ លោកជំទាវបានផ្តល់អនុសាសន៍ឱ្យបង្កើនការគៀរគររកមូលនិធិ តាមរយៈការសហការជាមួយអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ទិវា ៨ ឧសភា និងជំរុញឱ្យសប្បុរសជនចូលរួមបរិច្ចាគវិភាគទាន។
លោកជំទាវបណ្ឌិត ក៏បានឯកភាពលើសំណើឱ្យរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ ដើម្បីរៃអង្គាសមូលនិធិសម្រាប់ទ្រទ្រង់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា និងខួប ៧០ ឆ្នាំរបស់អង្គការ។ លោកជំទាវបានសន្យាអំពាវនាវដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលឱ្យចូលរួមវិភាគទានដល់បុព្វហេតុមនុស្សធម៌នេះផងដែរ។
ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។