សេចក្តីប្រកាសព័ត៌មាន
នាថ្ងៃអង្គារ-ពុធ ១០-១១ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំ “កម្មវិធី បណ្តុះបណ្តាលស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្តែងរបស់បុគ្គលរាយការណ៍ ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហា ប្រល័យ (AML/CFT និង CPF)” នៅក្នុងវិស័យល្បែងពាណិជ្ជកម្ម ក្រោមការដឹកនាំផ្ទាល់របស់ លោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត នឹងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី របស់ គ.ល.ក., តំណាងក្រសួងយុត្តិធម៌, តំណាងអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ, តំណាងក្រុមហ៊ុន ហ៊ឹម ៦១៤, មន្ត្រីប្រតិបត្តិ និងបុគ្គលិក ពីសេសកាស៊ីណូ សរុបចំនួន ១០៧រូប។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលខាងលើ គឺដើម្បីពង្រឹង និង លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង AML/CFT និង CPF, ជំរុញអនុលោមភាព និងចែករំលែកបទពិសោធន៍ ដល់មន្រ្តីប្រតិបត្តិ, បុគ្គលិកពិសេស់កាស៊ីណូ, កម្មសិទ្ធិករ និង/ឬប្រតិបត្តិករ កាស៊ីណូដែលជាបុគ្គលរាយការណ៍ក្នុងវីស័យល្បែងពាណិជ្ជកម្ម ក្នុង ការអនុវត្តកាតព្វកិច្ចនានាស្របតាមច្បាប់ស្តីពី AML/CFT នឹង CPF។ កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឡើងក្រោមប្រធានបទសំខាន់ៗដូចជា ខ្លឹមសារនៃច្បាប់ស្តីពី AML/CFT និង CPF, ការអនុវត្តជាក់ស្តែង, នីតិវិធីនៃ ការស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ក្នុងកាស៊ីណូ, ការទប់ស្កាត់ រាល់សកម្មភាពសម្អាតប្រាក់ក្នុងកាស៊ីណូ, វីធីសាស្រ្តលាងសម្អាតប្រាក់របស់ ឧក្រិដ្ឋជនក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម, វិធានការការពារ, ទប់ស្កាត់ និង លុបបំបាត់សកម្មភាពលាងសម្អាតប្រាក់ក្នុងកាស៊ីណូ, នីតិវិធីដាក់ និងដក ឈ្មោះបុគ្គល ឬអង្គភាពចេញពីបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ (UNSC) និងតុលាការ, វិធីសាស្ត្រសម្រាប់ ផ្ទៀងផ្ទាត់ឈ្មោះបុគ្គល ឬអង្គភាពដែលមានក្នុង UN Consolidated List, ការស៊ើបអង្កេតហិរិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហា ប្រល័យ, ការបង្កក និងការរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាព ដែលត្រូវបានដាក់ឈ្មោះក្នុងបញ្ជីរបស់ UNSC និងចែករំលែកអំពីនីតិវិធីនៃ ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិបង្កកផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាលខាងលើ សិក្ខាកាមត្រូវបាន ជំរុញ នឹងលើកទឹកចិត្តឱ្យខិតខំបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អាស្រ័យដូចបានជម្រាបខាងលើ សូម សាធារណជនជាតិ និង អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន។