ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន អេជេន២១ គ្រូប៊ល ឯ.ក

ភ្នំពេញ៖ ដោយផ្អែកលើគោលនយោបាយជាតិស្តីពីលំនៅឋានរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានលំនៅឋាន (តទៅហៅថា អ.ល.ឋ) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនអេជេន២១ ក្លូប៊ល ឯ.ក នៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានព្រមព្រៀងគ្នាបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការតាមរយៈការអនុវត្តសកម្មភាពជាក់លាក់ សំដៅចូលរួមសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីលំនៅឋាន ក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវលទ្ធភាពទទួលបានលំនៅឋាន សមរម្យសម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជា ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។
នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាននិង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនាយកដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។
ដោយផ្អែកតាមអនុស្សរណៈនេះ អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក នៅបានយល់ព្រមសហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងទាប (តទៅហៅថាគម្រោង) ស្រប តាមគោលនយោបាយជាតិស្តីពីលំនៅឋាន ទៅតាមជំនាញនិងបទពិសោធន៍របស់ភាគី អគ្គនាយកដ្ឋានលំនៅឋាននិងក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក។
ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ក្រុមហ៊ុន អេជេន២១ គ្លូបប៊ល.ឯក ដែលបានចូលរួមរៀបចំផ្ទះគំរូនៅក្នុងក្រុងរុនតាឯកតេជោសែននិងនៅក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានរចនាម៉ូតផ្ទះប្រមាណ១០០ម៉ូតដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបអាចជ្រើសរើស ក្នុងការសាងសង់លំនៅឋានស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន លទ្ធភាព និងកម្រិតប្រាក់ចំណូល របស់ក្រុមគ្រួសារនីមួយៗ។
លើសពីនេះ ឯកឧត្តមប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅលំនៅ បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតបាន ជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តការមួយច្បាស់លាស់ និងជិតស្និទ្ធរវាអគ្គនាយកដ្ឋានលំនៅឋាននិង ក្រុមហ៊ុន អេជេន២១ គ្លូបប៊ល.ឯក ហើយដែលអាចផ្តល់ផលជាវិជ្ជមានដល់ភាគីទាំងពីរក៏ដូចជា បង្កើនលទ្ធភាពដល់គ្រួសារប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមនិងប្រាក់ចំណូលទាបអាច ទទួលបានលំនៅឋានសមរម្យសម្រាប់ការរស់នៅស្របតាមចក្ខុវិស័យនៃគោលនបាយជាតិស្តីពីលំនៅឋាន និងអាចរួមចំណែកអនុវត្តនៅតាមទស្សនទាន “ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានសមរម្យសម្រាប់ ការរស់នៅ”។
ជាលទ្ធផលគិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្កើត កិច្ចសហប្រតិបត្តិការជាមួយបណ្តាវិស័យឯកជន ក្នុងគោលដៅអនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃ សមរម្យនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបានប្រមាណ ១១ ៤៩៥ ខ្នង និងចំណែកឯកជន។
គម្រោងទាំងនេះនៅមិនទាន់ឆ្លើយតបនិងដោះស្រាយបញ្ហាកង្វះលំនៅឋានសម្រាប់គ្រួសារប្រជាជនមានចំណូលមធ្យមចំណូលទាបនិងជនងាយរងគ្រោះនៅឡើយ។ គោលដៅរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់គឺធ្វើយ៉ាងណាពង្រីកវិសាលភាពគម្រោងទូទាំង២៥រាជធានី ខេត្ត ជាពិសេសភូមិសាស្រ្តនៅតាមទីក្រុងនិងទីប្រជុំជនសំខាន់ៗដើម្បីសម្រេចនូវចក្ខុវិស័យដែលបានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពីលំនៅឋាន។