ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម

ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ន គឺជាការរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័ននីមួយៗ អំពីវឌ្ឍនភាព ព្រមទាំងបកស្រាយនូវមន្ទិលសង្ស័យផ្សេងៗ និងប្រមូលធាតុចូលបន្ថែម។ នេះជាប្រសាសន៍លើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីក្នុងអង្គសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គោលបំណងជារួម គឺដើម្បីមកជម្រាបជូនជាព័ត៌មានផង ផ្តល់ជូនជារបាយការណ៍វឌ្ឍនភាពផង និងស្វែងរកនូវធាតុចូលចេញពីការចូលរួមរបស់ក្រសួង ស្ថាប័ននីមួយៗផង ក៏ដូចជាបកស្រាយនូវសំណួរនានា រួមទាំងមន្ទិលមួយចំនួន ដើម្បីយល់ឱ្យកាន់តែច្បាស់ពីគោលបំណងនៃការធ្វើវិភាគមុខងារ ដែលជាផ្នែកមួយនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។”

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា “ការវិភាគមុខងារ គឺជាការប្រមូលនូវទិន្នន័យឱ្យបានច្បាស់ និងពិនិត្យសមត្ថភាពរបស់រដ្ឋបាលសាធារណៈកម្ពុជា។ ការវិភាគមុខងារ គឺជាការសិក្សា និងពិនិត្យនូវសុខភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ដើម្បីត្រៀមលក្ខណៈក្នុងដំណើរស្របតាមការវិវត្តនៃបរិបទសាកល និងដើម្បីពង្រឹងខ្លួនឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការបង្កើនសមត្ថភាព និងប្រសិទ្ធភាព ការប្រកួតប្រជែង ជាលក្ខណៈតំបន់ និងសាកល។ ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាអ្វីថ្មី សម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ដើម្បីសិក្សានូវសុខភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ក្នុងការត្រៀមលក្ខណៈក្នុងដំណើរទៅកាន់ឆ្នាំ២០៥០។”