កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណតផែពហុបំណង កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំពិធីសម្ពោធជាផ្លូវការ ការដឹកជញ្ជូនអង្ករចំនួន ១០ ០០០ តោន តាមនាវាទំនិញរាយ រវាង ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី និងក្រុមហ៊ុន DALAI TRADING Co Pte. Ltd. ទៅកាន់ សាធារណរដ្ឋ ហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមពី ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ សាលាខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ កសស ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយក ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី លោក JOSEPH RUDOLPH C. LO ប្រធានគណៈប្រតិភូ និងជាអគ្គនាយកក្រុមហ៊ុន Food Terminal Incorporated នៃសាធារណរដ្ឋហ្វីលីពីន ក្រុមការងារ កសស មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងភាគីពាក់ព័ន្ធនានា។
ព្រឹត្តិការណ៍នេះ បង្ហាញអំពីភាពរីកចម្រើន នៃវិស័យកសិកម្ម ក្នុងការនាំចេញទំនិញអាទិភាព (អង្ករ) របស់ កម្ពុជា ទៅក្រៅប្រទេស ក៏ដូចជាបង្ហាញអំពី សក្តានុពល នៃ កសស ក្នុងនាមជាច្រកកំពង់ផែសមុទ្រទឹកជ្រៅ ចំពោះការសម្របសម្រួលដល់ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។





























