ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំកិច្ចប្រជុំមួយស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ (ACDM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបនាពេលខាងមុខ។ កិច្ចប្រជុំត្រៀមនេះត្រូវបានធ្វើឡើងនៅបន្ទប់ប្រជុំ គ.ជ.គ.ម. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំត្រៀមនេះគឺដើម្បីពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំរបស់អនុគណៈកម្មការ និងគណៈកម្មការនីមួយៗដែលទទួលបន្ទុកលើការងារនេះ សំដៅធានាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ព្រមទាំងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។
ក្នុងឱកាសនោះ កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារត្រៀមរៀបចំទុកជាមុន និងបានផ្តល់នូវអនុសាសន៍បន្ថែមដើម្បីបំពេញនូវចំនុចខ្វះខាតមួយចំនួនសម្រាប់ក្រុមការងារបន្តអនុវត្ត។
គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបង្គោលមកពីប្រទេសសមាជិកអាស៊ានទាំង ១០ ព្រមទាំងមានការចូលរួមពីប្រទេសទីម័រខាងកើតក្នុងនាមជាអ្នកអង្កេតការណ៍។ លើសពីនេះ ក៏មានការចូលរួមពីតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ រួមជាមួយអគ្គលេខាធិការរងអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល AHA Center និងមន្ត្រីជាន់ខ្ពស់តាមអន្តរវិស័យអាស៊ានផងដែរ៕