ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តតាកែវ ណែនាំគ្រប់ច្រកទ្វារតាមព្រំដែនជាមួយវៀតណាម ទប់ស្កាត់ការនាំចូលសាច់បង្កក ពងទា និងធុរេនចូលមកកម្ពុជា

តាកែវ​ ៖​ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៨ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក បានធ្វើការណែនាំគ្រប់ច្រកទ្វារព្រំដែនរវាងខេត្តតាកែវ និងខេត្តគៀងយ៉ាង របស់ប្រទេសវៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យមានការនាំចូលពងទា ពងមាន់ សាច់បង្កក ជាពិសេសផ្លែធុរេន ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ព្រោះផ្លែធុរេនវៀតណាមកំពុងមានបញ្ហាសារធាតុគីមី ដែលបង្កការប៉ះពាល់សុខភាព។
ថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការនាំចេញផ្លែធុរេនពីប្រទេសវៀតណាម ទៅកាន់ទីផ្សារប្រទេសចិន កំពុងតែមានបញ្ហា ព្រោះគេបានរកឃើញមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ស្ថានភាពនេះធ្វើឲ្យសល់ផ្លែធុរេនច្រើន ជាពិសេសតម្លៃធុរេនមានការធ្លាក់ចុះ ហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា។ បញ្ហានេះ អាជ្ញាធរខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន។
លោក វ៉ី សំណាង បានមានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ មិនមានការលួចនាំចូលផ្លែធុរេនខុសច្បាប់ ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមខេត្តតាកែវនោះទេ។ ហើយក្រៅពីផ្លែធុរេន អាជ្ញាធរខេត្តក៏បានណែនាំឲ្យមន្ត្រីតាមច្រកទ្វារ ធ្វើការទប់ស្កាត់ការលួចនាំចូលពងទា ពងមាន់ និងសាច់បង្កកដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជាផងដែរ៕