ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានសម្រាប់ទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការអញ្ចើញចូលរួមដោយឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត ទីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេង​ លើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសថ្លៃងសុន្ទរកថានេះ​ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ, សហគ្រិនវ័យក្មេង​ ដែលមាននវានុវត្តន៍ថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប, ព្រមទាំងសហគ្រាស ដែលគាំទ្រដល់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតបានសង្ឃឹមថា កិច្ចពិភាក្សាស្ដីពី “ស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម Unlocking Financing Options for Cambodian Enterprises” ដោយមានការចូលរួមពីវាគ្មិនជំនាញ មានបទពិសោធក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងផ្តល់នូវឧត្តមានុវត្តន៍ និងជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍ដល់សហគ្រាស ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយវិបុលភាព និងជវភាព។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ជំនួបសហគ្រិនវ័យក្មេង​ លើកទី២ នៅឆ្នាំ២០២៥នេះ​ គឺដើម្បីផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសក្នុងស្រុកក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រឹងអាជីវកម្ម ហើយកម្មវិធីនេះនឹងរៀបចំជាបន្តបន្ទាប់ទៀតរហូតដល់ចុងឆ្នាំ២០២៥ ដោយទទួលបានការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ពីធនាគារ ARDB​​ ផងដែរ៕