ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា និងវៀតណាម ប្តេជ្ញាបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព

រដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងវៀតណាមក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងបានឯកភាពបន្តជំរុញការអនុវត្តអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយដែលបានចុះហត្ថលេខានៅឆ្នាំ២០២៣កន្លងទៅ ដែលផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន។

ការវាយតម្លៃនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោក Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី១៧ នៅរាជធានីបិនដា ស៊េរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេដារ៉ូសាឡាម។

ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និង លោក Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ភាគីទាំងកម្ពុជានិងវៀតណាមក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងក្លាយជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងបានចាត់ទុកភាពជាដៃគូរវាងប្រទេសទាំងពីរមានសារៈសំខាន់ក្នុងការទប់ស្តាត់នូវព័ត៌មានក្លែងក្លាយ និងរក្សាភាពត្រឹមត្រូវ សុក្រឹត្យនៃលំហូរព័ត៌មាន។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានអញ្ជើញសមភាគីវៀតណាមដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។