ភ្នំពេញ: ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំនៃសាលាខេត្តកោះកុង, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ” ។
ក្រោមការដឹកនាំ សម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញា-បណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, ថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញពាក់ ព័ន្ធ នៃ រដ្ឋបាល ខេត្ត កោះកុង, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ គ.ល.ក. ប្រមាណ ៥១ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យល្បែងពាណិជ្ជកម្ម ២. ពិភាក្សានិងពិគ្រោះយោបល់លើការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីស្វែងយល់និងកំណត់នូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននៅក្នុងមូលដ្ឋានខេត្តកោះកុង និង៣. បង្កើនកិច្ចសហ-ការ និងភាពប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូរព័ត៌មាននិងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួនលើល្បែងស៊ីសងគ្រប់ប្រភេទ សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ លោក ម៉ី ច័ន្ទវាសនា ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹម ត្រីមាសទី១ ឆ្នាំ២០២៥ នៅទូទាំងប្រទេសមានក្រុមហ៊ុនល្បែងផ្សងសំណាង សរុបចំនួន ១៤ក្រុមហ៊ុន និងសាខាល្បែងផ្សងសំណាង សរុបចំនួន ៣១ សាខា តែប៉ុណ្ណោះ។ ដោយឡែក នៅក្នុងខេត្តកោះកុង គ.ល.ក. ពុំធ្លាប់បានផ្ដល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងជូនក្រុមហ៊ុនណាមួយឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដែលបានរៀបចំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់ នាថ្ងៃនេះ។ ទន្ទឹមគ្នានេះដែរ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងនិងបន្តតាមដានជាប្រចាំ សំដៅទប់ស្កាត់ និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងឱ្យមានប្រសិទ្ធភាព ។
ក្នុងករណីមានបញ្ហាប្រឈមណាមួយ ត្រូវរាយការណ៍និងស្នើសុំការណែនាំពីថ្នាក់ដឹកនាំខេត្តឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីកិច្ចពិភាក្សា និងទទួលបានការណែនាំរបស់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានប្ដេជ្ញាក្នុងការបន្តតាមដានជាប់ជាប្រចាំ សំដៅទប់ស្កាត់ និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ប្រសើរតាមការរំពឹងទុក។