ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

ភ្នំពេញ: នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះនៅសាលប្រជុំនៃសាលាខេត្តព្រះសីហនុ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ” ។
កម្មវិធីនេះក្រោមការដឹកនាំនិង សម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូង, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រី ជំនាញ នៃ រដ្ឋបាល ខេត្ត ព្រះសីហនុ, អ្នកសារព័ត៌មាន, ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃ គ.ល.ក. ប្រមាណ ៤០ នាក់។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យល្បែងពាណិជ្ជកម្ម ២. ពិភាក្សានិងពិគ្រោះយោបល់លើការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីស្វែងយល់និងកំណត់នូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានឡើង នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ និង៣. បង្កើនកិច្ចសហការនិងភាពប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់ គ.ល.ក. និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូរព័ត៌មាននិងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួនលើល្បែងស៊ីសងគ្រប់ប្រភេទ សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ លោក ម៉ី ច័ន្ទវាសនា ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នៅទូទាំងប្រទេស មានក្រុមហ៊ុនល្បែងផ្សងសំណាង សរុប ១៤ ក្រុមហ៊ុន និងសាខាល្បែងផ្សងសំណាង សរុប ៣១ សាខា តែប៉ុណ្ណោះ។

ចំណែក សាខាល្បែងផ្សងសំណាងចំនួន ១ដែលមាននៅក្នុងខេត្តព្រះសីហនុត្រូវបានដកហូតអាជ្ញាបណ្ណរួចហើយ ដូចនេះ នៅក្នុងខេត្តព្រះសីហនុ គឺពុំមានល្បែងផ្សងសំណាងនោះទេ។ ទន្ទឹមគ្នានេះដែរ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការ ពង្រឹង និងបន្តតាមដានជាប្រចាំ សំដៅទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
បន្ទាប់ពីកិច្ចពិភាក្សា និងទទួលបានការណែនាំរបស់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មានឆន្ទៈ និងប្ដេជ្ញាបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងបន្តតាមដានជាប់ជាប្រចាំ សំដៅទប់ស្កាត់ និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ប្រសើរតាមការរំពឹងទុក។