លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានផ្សព្វផ្សាយអំពីគ្រាប់ពូជដំណាំដំឡូងមី មួយប្រភេទ (ពូជថ្មី) ដែលសាកកសមនឹងសណ្ឋានដីខេត្ត ផ្តល់នូវទិន្នផលខ្ពស់ចន្លោះពី៦០ ទៅ ១០០តោន ក្នុងមួយហិកតា ធន់នឹងជំងឺ និងអាកាសធាតុ ជូនដល់គ្រួសារអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានសាកល្បងធ្វើការការដាំដុះ បង្កើនសេដ្ឋកិច្ចគ្រួសារ ក្រោយពីបានធ្វើតេស្ត ១៥ឆ្នាំកន្លងមក។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានផ្សព្វផ្សាយបែបនេះ នៅបរិវេណសាលាបឋម និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដោយបានការចូលរួមពី លោក លាវ វួយ អគ្គនាយកក្រុមហ៊ុន អរឡាសាន ខេមបូឌា លោកអភិបាលស្រុកភ្នំក្រវាញ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនគ្រួសារអតីតយុទ្ធជនភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញជាច្រើននាក់ផងដែរ។
លោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្រុមហ៊ុនចិនដែលមកវិនិយោគ ដាំដំឡូងមីនេះ គាត់បានធ្វើការពិសោធ១៥ឆ្នាំហើយ ដើម្បីរកគន្លឹះធ្វើម៉េច រកពូជដំឡូងមី ដែលធន់នឹងអាកាសធាតុ ហើយទទួលបានទិន្នផលខ្ពស់។ លោក បានបន្តថា ក្រោយពីគាត់បានរកឃើញ គាត់បានបង្កាត់ចេញជាគ្រាប់ដំឡូងមី ពេលដែលដាំលើដីហើយ យើងអាចកាត់ដើមនោះ បន្តដាំលើដីបានទៀត។
ក្រោយការធ្វើតេស្តពិសោធន៍រយៈពេលកន្លងមក ឃើញថា គ្រាប់ពូជដំឡូងមីនេះ ទី១ធន់នឹងអាកាសធាតុ ទី២ធន់នឹងជំងឺ មិនពិបាកបាញ់ថ្នាំសត្វល្អិតអ្វីទេ ហើយទី៣ ម៉ឺមដំឡូងមានទម្ងន់ធ្ងន់ សម្បូរម្សៅ ប្រសើរជាងពូជដំឡូងបងប្អូនកំពុងបង្កបង្កើនផលបច្ចុប្បន្ន មិនសូវសម្បូរម្សៅ តែសម្បូរជាតិទឹកច្រើន។បើតាមការវាយតម្លៃអំពីទិន្នផលនៃពូជដំឡូងមី (ពូជថ្មី) តាមការសាកល្បង ១ហិកតាគិតជាមធ្យម ចន្លោះពី៦០ ទៅ១០០តោន ខណៈដែលពូជដំឡូងមីធម្មតា បងប្អូនប្រជាពលរដ្ឋ ដាំបាន ១ហិកតា ចន្លោះពី១០ ទៅ ២០តោនតែប៉ុណ្ណោះ៕ ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់