ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ (ផ្អែមខ្លាំង) បណ្តាលឱ្យមានហានិភ័យដល់សុខភាព ប្រឈមនឹងជំងឺមួយចំនួននាថ្ងៃអនាគត។

(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងវិទ្យាល័យវត្តគរ សរុបមានចំនួន ២៤១ នាក់។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។
ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជាយថាហេតុ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន, គ្រឿងញៀនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។