(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី(City Rice Import Export Co., Ltd)បានចូលរួមថវិកាម្នាក់ៗ ១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ (ARDB)ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគខាងលើនេះគឺ ឆ្លើយយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ។
យុទ្ធនាការនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។
ការរៀបចំយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕