ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេច ឥស្សរវិទេសបញ្ញា»

(ភ្នំពេញ)៖ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា សម្តេចឥស្សរវិទេសបញ្ញា» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចឥស្សរវិទេសបញ្ញា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដោយមិនគិតពីការនឿយហត់ ប្រកបដោយសមត្ថភាព និងបទពិសោធ ក្នុងការចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះ ព្រះករុណា ព្រះបរម រតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាព ជូនប្រជារាស្ត្រកម្ពុជា។
សម្តេចឥស្សរវិទេសបញ្ញា បានចូលរួមចរចាក្នុងសន្និសីទអន្តរជាតិជាច្រើន ទទួលបានជោគជ័យ និងជាប្រមុខការទូតដ៏ឆ្នើម បានចូលរួមលើកកម្ពស់វិស័យការទូត ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អប្រសើរ ព្រមទាំងបានជួយដឹកនាំប្រជាជាតិកម្ពុជា បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ ជូនដល់សង្គមជាតិ ទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរព ព្រះពុទ្ធសាសនា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនសម្តេចឥស្សរវិទេសបញ្ញា និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕