(ភ្នំពេញ)៖ “ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើស ការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ។
បន្ថែមលើកនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជនមានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណាដែលបានប្រព្រឹត្តគគ្លើនផ្ទុយពីការណែនាំនេះ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ សូមទាក់ទងក្រសួងការងារតែមួយគត់ដែលជាអ្នកមានសិទ្ធិជ្រើសរើស និងបញ្ជូនស្របច្បាប់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច មហាបវរធិបតី ជាប្រមុខការពារដាច់ខាតចំពោះពលរដ្ឋរបស់ខ្លួននិងការពារប្រយោជន៍ជូនពលរដ្ឋរបស់ខ្លួនដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលគគ្លើនចំពោះបម្រាមនោះឡើយ ហើយជាមួយគ្នានេះសូមពលរដ្ឋជួយរាយការណ៍មកក្រសួងនូវពេលបានឃើញ និងបានដឹងអំពីការផ្សព្វផ្សាយការជ្រើសរើស និងបញ្ជូនពីវិស័យឯកជនដើម្បីអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា៕