នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ និងរដ្ឋមន្រ្តី នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការផ្លាស់ប្តូរមតិយោបល់ ទស្សនៈស៊ីជម្រៅដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀត និយាយជារួម ព្រមទាំងយុទ្ធសាស្រ្តល្អៗ និងទាក់ទាញបន្ថែមជំរុញលើការអនុវត្តយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលាដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ និយាយដោយឡែក ដើម្បីទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាដែលចូលរួមជួយកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនឱ្យទទួលបានចំណូលពេញមួយឆ្នាំ។
រដ្ឋមន្រ្តីទាំងពីររូប បានចែករំលែកនូវទស្សនៈរួមគ្នាថាទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព និងរៀបគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងកា្លយដែលបំផ្លាញកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈសង្គមដែលល្អប្រសើរ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជន ជាពិសេសគឺបំផ្លាញសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាដល់ទេសចរជាតិ និងអន្តរជាតិ។