នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយពីបានបញ្ចប់ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការជំរុញអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជាដោយជោគជ័យរួចមក លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP បានដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសហការី។ ដំណើទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីសាវតារនៃការអភិវឌ្ឍកំពង់ផែ, ដំណើរប្រតិបត្តិការនាពេលបច្ចុប្ប្នន្ន, និងផែនការអភិវឌ្ឍលើកកម្ពស់សមត្ថភាពកំពង់ផែនាពេលខាងមុខ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាមាត់ច្រកនាំចេញនាំចូលទំនិញដ៏សំខាន់ និងជាកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅកម្ពុជា។ នាពេលបច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុមានសមត្ថភាពផ្ទេរ-ផ្ទុកកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEUs ក្នុងមួយឆ្នាំ ដោយបានកើនឡើងប្រមាណ២៩% ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលតួលេខនេះឆ្លុះបញ្ចាំងពីកំណើនប្រកបដោយថាមវន្ដនៃរំហូរទុនវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្រោមចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន, និងបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់គោលដៅក្នុងការប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមេសម្រាប់បម្រើដល់សកម្មភាពពាណិជ្ជកម្មតំបន់។ កំពង់ផែនេះនឹងដើរតួនាទីកាន់តែសំខាន់នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានសាងសងរួចរាល់ជាស្ថាពរ។