ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅយប់ថ្ងៃទី២៤ ខែមិថុនានេះ បានមានប្រសាសន៍ថា លោក ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង អាចកំពុងដេកជាមួយស្រីក្មេងនៅក្នុងខេត្តកំពត ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់។
សម្តេចតេជោបានមានប្រសាសន៍ដូច្នេះ ក្រោយពីការសម្រេចដកលោក ញឹម វណ្ណដា រួចតែងតាំងឯកឧត្ដម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង។
សម្តេចតេជោ បានសម្រេចចិត្តដកតួនាទី ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ បានសរសេរបន្ថែមថា៖ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគ ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕