សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជាយោបល់ជូនប្រជាពលរដ្ឋកម្ពុជាជួយពិចារណាថា «មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយពត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសពត៌មានមិនពិត និងពត៌មានបំប៉ោង ដែលប្រព័ន្ធផ្សពផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នារសៀសថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានចោទសួរទៀតថា «តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយ ដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ។»
គួរជម្រាបជូនថា នាពេលថ្មីៗនេះ មានគណនី Tik Tok ឈ្មោះ ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM”បានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។
តាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី៕ ដោយ៖ កន ចំណាន