ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិនិយោគក្នុងស្រុកអំពាវនាវឱ្យអ្នកវិនិយោគខ្មែរងាកមកបោះទុនលើវីស័យកសិកម្មដែលកំពុងមានឱកាសច្រើន

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនខ្មែរមួយរូប ក្នុងវិស័យកសិកម្មនៅកម្ពុជាបានអំពាវនាវដល់បណ្ដាលអ្នកវិនិយោគ អ្នកមានធនធានងាកមកវិនិយោគលើវីស័យកសិកម្មក្នុងស្រុក ដែលកំពុងមានឱកាសយ៉ាងច្រើន ជាពិសេ អាចជួយរដ្ឋាភិបាល ក្នុងការបង្កើតការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។
ការអំពាវនាវ របស់អ្នកឧកញ៉ាអនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានចំនួន៤០នាក់ មកពី២២ស្ថាប័ន ទៅចុះយកព័ត៌មាននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយទាក់ទងនឹងដំណាំកសិឧស្សាហកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងដំណើរបេសកកម្មរយៈ២ថ្ងៃនេះ ក្រុមអ្នកសារបានទៅទស្សនកិច្ច និងផលិតព័ត៌មាន នៅតំបន់ចំការទុរេន ចំការចេក ចំការកៅស៊ូ រោងចក្រផលិតជី រោងចក្រផលិតកេសក្រដាស់ និងស្វែងយល់ទីតាំងប្រមូល និងវេចខ្ចប់ផ្លែចេកសម្រាប់នាំចេញទៅបរទេស។
ឧកញ៉ា ហេង ឡុង ក៏បានប្រកាសផ្ដល់ប្រឹក្សាអស់ពីលទ្ធភាពចំពោះអ្នកវិនិយោគទាំងឡាយណា ដែលចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្ម ប៉ុន្តែត្រូវកាការផ្ដល់ប្រឹក្សា ឬយោបល់បន្ថែមជុំវិញវិស័យកសិកម្មនៅកម្ពុជា។ ពោលគឺអ្នកឧកញ៉ា ស្ម័គ្រចិត្ត និងបើកចិត្តចែករំលែកបទពិសោធន័លើពីវិស័យកសិកម្ម ដែលអ្នកឧកញ៉ាបានប្រឡូកតាំងពីឆ្នាំ២០០៧មកម្ល៉េះ។
អ្នកឧកញ៉ា ហេង ឡុង ជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ ១. ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល (Long Sreng International Co. Ltd) ដែលបានវិនិយោគលើចម្ការកៅស៊ូលើផ្ទៃដីចំនួនជាង ៧.០០០ហិចតា និងចម្ការចេកលើផ្ទៃដីចំនួន ១.៥០០ហិចតា ហើយក៏ជាក្រុមហ៊ុនកៅស៊ូក្រែបឈានមុខគេនៅក្នុងប្រទេសកម្ពុជា, ២. ក្រុមហ៊ុន បឹងកេត ផ្លេនធីង និងអ៊ិនដាសស្ទ្រៀល (Boeung Ket Plating & Industrial Co., Ltd.) ដែលវិនិយោគលើដំណាំស្វាយស្រស់សម្រាប់បម្រើការនាំចេញ, ៣.ក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន (Long Sreng Hua Jian Agriculture Development Co., Ltd.) ដែលមានជំនាញក្នុងការដាំចេក និងមានចម្ការចេកអំបូងលឿងលើផ្ទៃដីចំនួន ៧០០ហិចតាសម្រាប់បម្រើការនាំចេញ, ៤. ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី (Boeung Ket Packaging Factory Co., Ltd.) ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និងទី៥. ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត។
ក្រៅពីការកិច្ចការជំនួញនិងវិនិយោគ ដែលជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ប្រជាជនជាច្រើនពាន់នាក់ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ផងដែរ។