កំពង់ស្ពឺ ÷ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ កំពុងពង្រឹង និងពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្ម គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់នានា និងបាន កំពុងបង្កើនផលិតកម្មបន្ថែម ជំរុញដល់ទីផ្សារនាំចេញ។
ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំ វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើង ក្នុងបទបង្ហាញជូនដល់កសិករ និងអ្នកចូលរួម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តម បានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុងតម្លៃសមរម្យ នៅលើទីផ្សារ សំដៅរក្សានិរន្តភាពសន្តិសុខស្បៀង និងដើម្បីលើកកម្ពស់ ជីវភាពកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ។
ឯកឧត្តម បានលើកឡើងថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោយពីការសាកល្បងជំហ៊ានដំបូងកន្លងមក ឃើញថាទទួលបានជោគជ័យ ជាបន្តបន្ទាប់ដូចជា ផ្គត់ផ្គង់ដល់ការហូបចុកនៅក្នុងគ្រួសារ ដោយបានការកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗ ជាពិសេសការផ្គត់ផ្គង់លើ ទីផ្សារជាដើម។ បញ្ហានេះ, ឯកឧត្តមបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បី រួមគ្នាលើកស្ទួយផលិតកម្មកសិកម្ម ការរក្សាលំនឹងកសិផល និងជំរុញដល់ការនំាចេញផងដែរ។ ជុំវិញវិស័យកសិកម្មនេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម សូមទាក់ទងមកកសិដ្ឋានឯកឧត្តម ផ្ទាល់ ដើម្បីទទួលបានព័ត៌មានពីគម្រោងជួយដល់ពួកគាត់ ដើម្បីបណ្តុះបណ្តាលជំនាញ យកទៅអនុវត្តគម្រោងរបស់ខ្លួន។ ការចូលរួម ពីប្រជាពលរដ្ឋ គឺជាការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
បច្ចុប្បន្ននេះ កម្ពុជាមានអតិរេកនៅក្នុងផលិតកម្មវិស័យកសិកម្មស្ទើគ្រប់មុខទាំងអស់ លើកលែងបន្លែតែប៉ុណ្ណោះដែលកម្ពុជានៅនាំចូល។ ជុំវិញបន្លែ នេះដែរ បច្ចុប្បន្នក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្តដល់កសិករ ឱ្យបង្កើនក្នុងការដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ, ក្រៅពីបន្លែ នេះទំនិញនៃកសិផលទូទៅ កម្ពុជាបានផលិតលើសទីផ្សារក្នុងស្រុក និងបានជំរុញដល់ការនាំចេញដូចជា៖ ការនាំចេញស្រូវ-អង្ករ ដំឡូងមី ពោត ស្វាយស្រស់ ដំណាប់ស្វាយ ផ្លែចេកស្រស់ ផ្លែមៀនស្រស់ និងគ្រាប់ស្វាយចន្ទីជាដើម ដោយបានកំពុងរួមចំណែកដល់ កំណើននៃការនាំចេញកសិផល និងកំណើនក្នុងសេដ្ឋកិច្ចជាតិផងដែរ៕






