ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយនៅថ្ងៃអង្គារនេះថា ក្រុមតំណាងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ ដោយបានភ្ជាប់ពាក្យសម្តីក្នុងការចាប់ផ្តើមកិច្ចចរចាស្តីពីពាណិជ្ជកម្មឡើងវិញ ។
ក្រុមតំណាងចិន និងអាមេរិក បានសន្យានឹងចាប់ផ្តើមកិច្ចចរចាឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលកិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងភាគីទាំងពីរបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។
ប្រភពដដែលបានបន្តថា ចិន និងអាមេរិក ត្រូវរកឲ្យឃើញនូវកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ដើម្បីប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខានៅទីក្រុង អូសាកា ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំ G20 នៅចុងខែមិថុនានេះ ៕
