អនុវត្តបន្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
នាឱកាសនោះ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងបានកោតសសើរដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការរៀបចំហ្វឹកហាត់ និងត្រៀមកងកម្លាំង ក្នុងការជួយថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវផ្ដោតលើការពង្រឹងស្មារតីទំនួលខុសត្រូវ ការបង្កា និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់ជាប្រចាំបង្កើននូវសមត្ថភាព និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចទិសដៅយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមុខត្រូវត្រៀមលក្ខណ:ឆ្លើយតបគាំទ្រដល់សភាពការណ៍ព្រំដែន កម្ពុជា-ថៃ ឱ្យបានទាន់ពេល និងមានប្រសិទ្ឋិភាព។
សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ រួចបានបន្តអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤នេះ៕


















