ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សា វិវាទ រវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី

ឯកឧត្តម ញ៉ែម សំអឿន៖ កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី គឺជាយន្តការដ៏ល្អបំផុត ក្នុងការឆ្លើយ តបទៅនឹងសំណើ សំណូមពរ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា នៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺ ប្រមុខ នៃរាជ រដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយធ្វើការបង្ខិតសេវាឱ្យ កាន់កៀកជិត មានភាពងាយស្រួល រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមរូបមន្ត “ឈ្នះ-ឈ្នះ” មាន ន័យថា គូភាគីឈ្នះទាំងអស់គ្នា វាខុសពីការ សម្រេចក្តីនៅតុលាការដែលមានអ្នកឈ្នះ និងអ្នកចាញ់ ។

ការលើកឡើងយ៉ាងដូច្នេះ របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី គឺក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួផ្សះផ្សា វិវាទរវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរីដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម អភិបាលខេត្តបន្តថា ការបង្កើតឱ្យមាន “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” នេះឡើង គឺជាភាពឆ្លាតវៃ របស់ថ្នាក់ដឹកកំពូលក្នុងការសម្រាលការលំបាករបស់តុលាការចំពោះការកកស្ទះសំណុំរឿង និង ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ ការសម្របសម្រួលដោះស្រាយ តាមយន្តការនេះ បានតែសំណុំរឿងរដ្ឋប្បវេណី លើកលែងតែសំណុំរឿងព្រហ្មទណ្ឌ ដែលជាឆន្ទានុសិទ្ធិ របស់ តុលាការ ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំ ការ ក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរ ជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានលើកឡើង ថា អនុស្សរណៈនៃការយោគយល់គ្នាធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះ ផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តម ថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. និងរដ្ឋបាលខេត្ត នឹងធ្វើកិច្ចសហ ប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះ ផ្សាវិវាទ ក្នុងនោះ រួមមាន ៖

ទី១- ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជា កំណត់ហេតុព្រម ព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវបានសម្រុះ សម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយ អង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការ គ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ទី២- រដ្ឋបាលខេត្ត អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបានពីប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងដោះស្រាយនៅ អ.ដ.ក.។ ទី៣- រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការជូនដល់ អ.ដ.ក. ក្នុងការចុះមកដោះ ស្រាយវិវាទដែលកើត មាននៅក្នុងមូលដ្ឋានរបស់ខេត្ត។ ទី៤- រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការក្នុងការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត ជូន អ.ដ.ក. ដើម្បី អ.ដ.ក. មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការរៀបចំគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រដាក់ជូនរាជរដ្ឋាភិបាល។ ទី៥- រួមសហការគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យបានទូលំទូលាយ។ ទី៦- រួមសហការគ្នាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខា សាលា កម្មវិធីបណ្តុះបណ្តាល ឬ ព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និង ទី៧ អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី៕