ភ្នំពេញ:ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) មានកិត្តិយសក្នុងការចុះហត្ថលេខាលើកិច្ចសហការជាមួយធនាគារជីបម៉ុងស្តីពី «ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទានដើម្បីជំរុញផលិតកម្មស្រូវអង្ករនៅកម្ពុជា»។
ពិធីចុះហត្ថលេខាធ្វើឡើងឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ
ក្នុងគោលបំណងផ្តល់ការគាំទ្រដល់សហគមន៍កសិកម្ម (ACs) និងកសិករដែលផ្គត់ផ្គង់ស្រូវមក Amru Rice និង CACC ឱ្យទទួលបានហិរញ្ញប្បទានដែលមានការប្រាក់សមរម្យ និងភាពបត់បែន សំដៅបង្កើនផលិតភាពនិងដោះស្រាយនូវបញ្ហាកង្វះដើមទុន ដែលស្របតាមតម្រូវការប្រតិបត្តិការរបស់ពួកគេ។
ពិធីចុះហត្ថលេខាលើកិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice ក្រោមការចូលរួមជាសក្ខីភាពកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល CACC, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ, ថ្នាក់គ្រប់គ្រងនិងសហការីនៃអេមរុររ៉ាយស៍ និង ក្រុមប្រឹក្សាភិបាល CACC, តំណាងដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មដែលជាដៃគូរបស់អេមរុរ៉ាយស៍ និង CACC សរុបប្រមាណ៧០រូប។
កិច្ចសហការនេះ មិនត្រឹមតែសំដៅគាំទ្រដល់ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្មប៉ុណ្ណោះទេ តែជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងវិស័យស្រូវអង្ករដែលមានភាពធន់និងបង្កើនផលិតភាពកសិកម្ម តាមរយៈមូលដ្ឋាននៃទំនាក់ទំនង និងបទពិសោធន៍នៃកិច្ចសហការយ៉ាងរឹងមាំរវាង Amru Rice, CACC និងសហគមន៍កសិកម្មរាប់ពាន់គ្រួសារនៅទូទាំងប្រទេសកម្ពុជា និងជំនាញហិរញ្ញវត្ថុរបស់ ធនាគារ ជីប ម៉ុង ដែលមិនត្រឹមតែអាចកាត់បន្ថយហានិភ័យរួមគ្នានិងបង្កើតបរិយាកាសសុវត្ថិភាពជាងមុនសម្រាប់ការផ្តល់ប្រាក់កម្ចីកសិកម្មប៉ុណ្ណោះទេ។
លើសពីនេះ ថែមទាំងជំរុញយ៉ាងសកម្មនូវការអនុម័ត និងទំនើបកម្មបច្ចេកវិទ្យាដោយវិនិយោគលើឧបករណ៍កសិកម្មទំនើប ប្រព័ន្ធធារាសាស្រ្តប្រកបដោយប្រសិទ្ធភាព និងគ្រាប់ពូជដែលមានគុណភាពខ្ពស់ដើម្បីបង្កើនទិន្នផល ប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយថ្លៃពលកម្ម និងបង្កើនការប្រកួតប្រជែងជារួមនៃផលិតកម្មស្រូវកម្ពុជានៅលើទីផ្សារពិភពលោក។
ជាមួយបទពិសោធន៍លើស១៥ឆ្នាំ Amru Rice បានធ្វើការជាមួយកសិករខ្នាតតូចប្រមាណ ២០,០០០គ្រួសារ ដែលមានស្ត្រី៥៥% និងជនជាតិដើមភាគតិចជាង១,៥០០នាក់។ ហើយក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងធំមួយក្នុងការដឹកនាំគម្រោងនិរន្តភាពនានា ដូចជាកសិកម្មធន់នឹងអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័នទៅកាន់បរិស្ថាន និងការអភិវឌ្ឍសហគមន៍ដាច់ស្រយាល ក្រោមការសហការណ៍ជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មនានាទូទាំងប្រទេស៕











