លោក ភារម្យ ចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាមានសុទិដ្និនិយមនៅឡើយ ចំពោះតម្រូវការទីផ្សារលក់ឬជួលអចលនទ្រព្យនៅពាក់កណ្តាលឆ្នាំ២០១៩នេះ ក្នុងគម្រោងនោះគម្រោងធំៗនៅមានសកម្មភាពជាធម្មតា ហើយបច្ចុប្បន្ននេះ ចរន្តលក់ដូរគម្រោងអចលនទ្រព្យនានានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនៅតែមានតម្រូវការទីផ្សារនៅឡើយ ជាពិសេស គម្រោងពុះដីឡូរតិ៍ ខុនដូ អគារការិយាល័យ និងលំនៅឋាន ដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។
លោកបានលើកឡើងថា ចំណែកដៃគូរវវិនិយោគមកពីក្រៅប្រទេសដូចជាមកពីប្រទេសចិននៅតែបន្តទាក់ការវិនិយោគនៅតំបន់ផ្សេងៗនៅរាជធានីភ្នំពេញគឺ គ្មានអ្វី ដែលប្រែប្រូលនោះទេ នៅរយៈពេល២ឬ៣ខែចុងក្រោយនេះ។ ចំណុចដែលធ្វើឲ្យវិស័យអចលនទ្រព្យមានចរន្តទីផ្សារល្អប្រសើរនោះបណ្តាលមកពីកត្តាសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ ហើយចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តមានការរីកចម្រើន ការបង់ប្រាក់ទិញដីឬបង់រំលោះអចនទ្រព្យរបស់ពួកគាត់ទៀតទាត់គ្មានអ្វី ដែលគួរឲ្យព្រួយបារម្ភឡើយ។
អ្នកវិនិយោគខាងលើបន្ថែមថា កត្តាសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនក្នុងរង្វង់៧%ប្រចាំឆ្នាំបានធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបើសិនវិនិយោគិនចង់វិនិយោគវិស័យនេះគួរតែចាប់ឱកាសឲ្យបានដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។


សម្រាប់ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPLឲ្យដឹងថា តាមពិតនៅឆ្នាំ២០១៩នេះ ស្ថានភាពរបស់វិស័យអចលនទ្រព្យកម្ពុជាមិនមានសញ្ញាធ្លាក់ចុះនោះទេ ហើយគម្រោងដែលធ្លាប់ផ្អាកសាងសង់បែរជាបន្តសង់ជាថ្មីឡើងវិញ និងក្រៅពីនេះមានគម្រោងថ្មីៗមួយចំនួនទៀតកំពុងតែមានទាក់ទាញការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទាំងការទិញលក់និងការសាងសង់អគារ។
លោកឧកញ៉ាបបញ្ជាក់ទៀតថា ជាទូទៅនៅឆ្នាំ២០១៩នេះ វិស័យអចលនទ្រព្យមិនមានការបារម្ភនោះទេ ទាក់ទងនិងការទិញលក់ឬជួល នោះ ដោយសារតែអ្នកវិនិយោគគេស្គាល់ទីផ្សារច្បាស់លាស់ហើយ វិស័យអចលនទ្រព្យមិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេនឹងបន្តភាពរឹងមាំរបស់ខ្លួននៅឡើយ។

អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយម ថា ស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខនេះនៅមានតែមានល្អប្រសើរ ហើយអ្វីដែលពិសេស ក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារនោះទេ។
អ្នកជំនាញវាយតម្លៃថា តាមពិតទិដ្ឋភាពទីផ្សារយូរអង្វែងផ្នែកអចលនទ្រព្យនៅកម្ពុជានៅតែមានតម្រូវការច្រើនទាំងការវិនិយោគរោងចក្រ ខុនដូនិងលំនៅឋាន ហើយកម្ពុជានៅតែជាគោលដៅរបស់វិនិយោគិនពីបរទេសនៅឡើយទេ ដូច្នោះទៅមុខទៀតវិស័យនេះនៅតែមានកំណើនរឹងមាំ៕
