(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងដោយមានការចូលរួមពីក្រុមឯកទេសផលិតផលហាឡាល ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងធុរជនដែលអញ្ជើញមកពីសភាពាណិជ្ជកម្មកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមអ្នកផលិត និងអ្នកនាំចេញសំបុកត្រចៀកកាំកម្ពុជា សមាគមអ្នកផលិតចំណីអាហារកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងសហព័ន្ធទេសចរណ៍កម្ពុជា សរុបប្រមាណ ១៥០រូប។
សិក្ខាសាលានេះមានគោលបំណង បញ្ជ្រៀបការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបាននូវពុទ្ធិបន្ថែម អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងដំណើរការការងារវិញ្ញាបនបត្រកម្ម លក្ខខណ្ឌតម្រូវហាឡាលកម្ពុជា សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន និងផលិតផលម្ហូបអាហារ។
សិក្ខាសាលានេះ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលហាឡាលកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ដែលភាគច្រើនជាផលិតផលម្ហូបអាហារ ក្នុងគោលបំណងលើកកម្ពស់ផលិតផលហាឡាលកម្ពុជា និងដើម្បីឱ្យធុរជនអាចប្រើប្រាស់ផលិតផលហាឡាលបំពេញឱ្យគ្នាក្នុងការជ្រើសរើសវត្ថុធាតុដើមជាផលិតផលហាឡាលក្នុងចង្វាក់ផលិតកម្មរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានលើកទឹកចិត្ត និងអំពាវនាវដល់ម្ចាស់អាជីវកម្មដែលមានវត្តមានក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ បន្តពង្រឹងគុណភាពផលិតផល និងសេវាហាឡាលកម្ពុជារបស់ខ្លួនឱ្យកាន់តែប្រសើរឡើងស្របតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់នៃសាសនាឥស្លាម ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តជូនដល់ភាគីពាក់ព័ន្ធផ្សេងទៀតដែលមានបំណងចង់ប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា មកដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជានៅអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។








