រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា កូនប្រុសដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។
យោងតាម ពូបង្កើតរបស់ក្មេងរងគ្រោះ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ទារកខាងលើនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទារកក្តៅខ្លួន ហើយនៅពេលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ស្ថានភាពទារកកាន់តែធ្ងន់ធ្ងរទៅ ដោយគ្រូពេទ្យហាក់ដូចជា មិនយកចិត្តទុកដាក់ ដោយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរជ្រុលហួសទៅហើយ គ្រូពេទ្យមិនអាចជួយបាន ហើយទារកក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង ៧ និង ៥០នាទីព្រឹក។
ប្រភពបន្តថា ក្រោយពីដឹងថា ក្មួយប្រុសជាទីស្រលាញ់របស់គាត់បានស្លាប់ ក៏បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានចោទប្រកាន់មកលើគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ថា មានការធ្វេសប្រហែសមិនយកចិត្តទុកដាក់ ទុកបណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត ហើយប្តឹងសមត្ថកិច្ចក៏ដូចជាមន្រ្តីពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌ ព្រមទាំងបីកូនជាទីស្រឡាញ់របស់គាត់ទៅដល់មន្ទីរពេទ្យតែម្ដង។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់មកក៏បានឃើញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលមូលដ្ឋាន និងនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ក៏ចុះទៅត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់ ១២តែម្ដង។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ការស្លាប់របស់ក្មេងប្រុសរូបនោះ បណ្ដាលមកពីការធ្វើប្រហែសរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខាងលើ ឬយ៉ាងណានោះទេ រហូតដល់វេលារសៀល សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យសព ហើតរហូតមកដល់ពេលនេះគេពុំដឹងថាក្រុមគ្រួសារក្មេងប្រុសរងគ្រោះបានដាក់ពាក្យបណ្ដឹងមន្ទីរពេទ្យទៅកាន់តុលាការ ឬយ៉ាងណានោះទេ។
ទាក់ទិនការចោទប្រកាន់នេះដែរ គ្រូពេទ្យ គ្លីនិកខាងលើបានឱ្យអ្នកសារព័ត៌មានដឹងថា រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យសិន បើសិនឪពុកម្ដាយ ឬអាណាព្យាបាលក្មេងយល់ថា ការព្យាបាលរបស់គ្រូពេទ្យមានបញ្ហា ឬមានការធ្វេសប្រហែស ក្រុមគ្រួសារអាចប្តឹងទៅទៅតុលាការបាន៕
ប្រភព Fresh New



