ភ្នំពេញ៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ កងទ័ពជួរមុខ ដែល កំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យ ជាតិ និងឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយជាចាំបាច់។
ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ បងប្អូនកងទ័ព គឺជាបងប្អូនខ្មែររួមជាតិដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារ និងការសប្បាយផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិមាតុភូមិ និងសុខសុវត្ថិភាព សន្តិភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
លើសពីនេះទៅទៀតការឧបត្ថម្ភនេះរបស់ ឯកឧត្តម នង វាសនា ជាការឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងកសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព ឯករាជ្យភាពជាតិ និងសាមគ្គីភាពជាតិផងដែរ។
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកក្នុងសកម្មភាពសង្គម ដែលសកម្មភាពនេះគឺជាបេសកកម្មដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តបានយ៉ាងល្អខ្ជាប់ខ្ជួនក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ។ រាល់ការអំពាវនាវរបស់សម្តេចប្រធានព្រឹទ្ធសភា និងរបស់ សម្តេចនាយករដ្ឋមន្ត្រីឱ្យចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើមផ្សេងៗរបស់សម្តេចគឺក្រុមហ៊ុនហនុមានប៊ែវើរីជីស តែងតែចូលរួមយ៉ាងសកម្មជានិច្ច។

