ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Amru Riceនិង CACCនាំយកជំនួយស្បៀងអាហារដល់ប្រជាជនភៀសសឹកគិតជាទឹកប្រាក់ប្រមាណ ២៥,០០០ដុល្លារអាមេរិក

ភ្នំពេញ: ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារនៅចំពោះមុខរបស់ប្រជាជនកម្ពុជាដែលបានភៀសខ្លួន ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) និង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) សូមចូលរួមចំណែកដោយស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចំពោះទំនួលខុសត្រូវសង្គម និងសាមគ្គីភាព។
គណៈគ្រប់គ្រង និងក្រុមការងារ Amru Rice និង CACC បានសហការគ្នាយ៉ាងស្វាហាប់ ក្នុងការនាំយកនូវគ្រឿងឧបភោគបរិភោគសំខាន់ៗ ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណជា ២៥,០០០ ដុល្លារអាមេរិក ដែលរួមមាន អង្ករ ៣៥តោន មី ៥០០០កញ្ចប់ ត្រីងៀត ៣២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ត្រសក់ចាវ និងទឹកប្រាក់មួយចំនួន ដើម្បីចូលរួមបំពេញនូវតម្រូវការស្បៀងអាហារបន្ទាន់ដល់ប្រជាជនភៀសសឹក។

ការចូលរួមចំណែករបស់ Amru Rice និង CACC ក្នុងការនាំយកនូវស្បៀងអាហារជូនដល់ប្រជាជនភៀសសឹកដែលកំពុងត្រូវការជំនួយមួយផ្នែកនេះ មិនត្រឹមតែដើម្បីចូលរួមចំណែកចែករំលែកនូវភាពលំបាកនៅចំពោះមុខនេះទេ ប៉ុន្តែគឺជាការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការឈរជាមួយប្រជាជន និងប្រទេសកម្ពុជាយើងក្នុងគ្រាលំបាក។ ពួកយើងប្តេជ្ញាបន្តតស៊ូចូលរួមដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្របទៅនឹងជំនឿដ៏មុតមាំរបស់យើងទាំងអស់គ្នា ថាការចូលរួមរបស់ប្រជាជនខ្មែរគ្រប់រូប អាចរួមចំណែកកសាងនូវក្តីសង្ឃឹមឡើងវិញ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកកម្រិតណាក៏ដោយ៕