ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និង​ស្វាយចន្ទី

ប៉ៃលិន : ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និង​ស្វាយចន្ទី នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែល​មាន​កសិករដាំមៀនប៉ៃលិនចូលរួមសរុបចំនួន៤៤នាក់។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញ​អំពីអត្ថ​ប្រយោ​ជន៍​នៃការបង្កើតសហគមន៍កសិកម្មទំនើប ពីព្រោះសហគមកសិកម្មទំនើប ធ្វើផលិតកម្មរួមគ្នា តាមរយៈការទិញធាតុចូលកសិកម្មរួមគ្នា ការអនុវត្តន៍​បទ​ដ្ឋាន​បច្ចេកទេសដូចគ្នា ការគ្រប់គ្រងចាត់ចែងដោយសហគមន៍កសិកម្ម​ទំនើប និងការលក់កសិផលរួមគ្នាតាមរយៈសហគមន៍កសិកម្មទំនើប មាន​ប្រព័ន្ធ​សេដ្ឋកិច្ចតែមួយ មានជោគវាសនាដូចគ្នាតែមួយ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ការចង​ក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ផ្ដល់​ផលចំណេញច្រើនដល់ប្រជាកសិករ ការរួមគ្នាជាសហគមន៍កសិកម្ម​ទំនើប ផ្ដល់ផលចំណេញដល់ប្រជាកសិករ តាមរយៈការទិញធាតុចូល​កសិកម្ម​​​ដូចជា៖ គ្រាប់ពូជ ជី និងថ្នាំ ក្នុងតម្លៃទាប ដោយសារការទិញក្នុង​បរិមាណ​ច្រើន​ចំណាយអស់តិចជាងការទិញរាយជាលក្ខណៈគ្រួសារ។
បន្ថែមពីនេះ ការចូលរួមជាសហគមន៍កសិកម្មទំនើប មានភាពងាយ​ស្រួល​ក្នុងការទទួលប្រាក់កម្ចី ការប្រាក់ទាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួម និងការដាំដុះដោយចុះកិច្ចសន្យាទិញលក់ ដែលធានាតម្លៃនិងទីផ្សារទុកមុន ហើយបញ្ចៀសហានិភ័យនៃការប្រែប្រួលតម្លៃនៅពេលប្រមូលផល៕