ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី១៤ខែសីហាឆ្នាំ២៩២៥នេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំ កិច្ចប្រជុំពិភាក្សា “ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។
កម្មវិធីនេះ ក្រោម ការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋាន កិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃ គ.ល.ក. សរុបចំនួន ៧០ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យល្បែងពាណិជ្ជកម្ម ២. ពិភាក្សានិងពិគ្រោះយោបល់លើការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បី ស្វែងយល់និងកំណត់នូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានឡើងក្នុងមូលដ្ឋានរាជធានីភ្នំពេញ និង៣.បង្កើនកិច្ចសហការនិងភាពប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់ គ.ល.ក. និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាននិងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់ វិធានការតាមសមត្ថកិច្ចរៀងៗខ្លួនលើល្បែងស៊ីសងគ្រប់ប្រភេទ សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ លោក ឃឹម ឧត្តម ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៥ នៅទូទាំងប្រទេស គឺមានក្រុមហ៊ុនល្បែងផ្សងសំណាងសរុប ចំនួន ១២ ក្រុមហ៊ុន និងសាខាល្បែងផ្សងសំណាងសរុបចំនួន ៣១ សាខា ហើយនៅរាជធានីភ្នំពេញនេះ គឺមាន ក្រុមហ៊ុនល្បែងផ្សងសំណាងចំនួន ១០ក្រុមហ៊ុន និងសាខាល្បែងផ្សងសំណាងចំនួន ១សាខា តែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវអំណរគុណដល់ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដែលបានសហការរៀបចំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះឡើង និងបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ពិសេសគឺការបង្កើនការអប់រំផ្សព្វផ្សាយ នៅតាមមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយ និង យល់ដឹងកាន់តែច្បាស់បន្ថែមពីផលប៉ះពាល់ពីល្បែងស៊ីសងដែលមានកំណត់ក្នុងគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ការណែនាំបន្ថែមទៅដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពិនិត្យតាមដាន ជាប់ជាប្រចាំ ដើម្បីអាចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលានិងប្រសិទ្ធភាព សំដៅលុបបំបាត់ល្បែង ស៊ីសងឱ្យអស់ជាស្ថាពរពីក្នុងមូលដ្ឋានរបស់ខ្លួន។
កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពី ល្បែងស៊ីសងគ្រប់ប្រភេទ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ប្រសើរតាមការ រំពឹងទុក។


















