(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានមានប្រសាសន៍ថា ពូជអង្ករដំណើបស្បៃមង្គល ត្រូវបានកសិករ ដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI)បានព្យាយាមបង្កើតនឹងជំរុញឱ្យកសិករចាប់ផ្តើមផលិតជាបន្តបន្ទាប់។

ការលើកឡើងរបស់អ្នកជំនាញខាងលើ គឺ ខណៈដែល ស្រូវដំណើប ស្បៃមង្គលដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាពកាលពីខែមិថុនា ឆ្នាំ២០២២ កំពុងតែមានតម្រូវការខ្លាំងនៅទីផ្សារចិន និងអឺរ៉ុប ខណៈកសិករកម្ពុជាបាននិងកំពុងតែបង្កើនការដាំដុះពូជស្រូវដំណើរប្រភេទនេះ សម្រាប់ការនាំចេញ។
ឧកញ៉ា សុង សារ៉ន បានលើកឡើងថា នៅរយៈពេលចុងក្រោយ អង្ករដំណើបប្រភេទនេះ កំពុងតែមានតម្រូវច្រើននៅក្នុងទីផ្សារចិន និងអឺរ៉ុប ដែលធ្វើឱ្យ អង្ករដំណើបស្បៃមង្គល កាន់តែមានទីផ្សារ និងតម្លៃល្អ ជួយឱ្យកសិករដាំដុះទទួលបានផលចំណេញ។
ពូជស្រូវដំណើបស្បៃមង្គល ដែលកសិករនៅតាមតំបន់ ផលិតបានកែច្នៃធ្វើជានំសម្រាប់លក់ធម្មតា តែយើងព្យាយាមពង្រីកការដំាដុះឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសចិន ព្រោះគេត្រូវការប្រភេទអង្ករស្បៃមង្គលនេះច្រើន ហើយចំពោះទីផ្សារ នៅសហគមន៍អឺរ៉ុបក៏កំពុងត្រូវការផងដែរ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាគឺ ពូជស្រូវដំណើបស្បៃមង្គល គឺជាពូជទី១ ដែលបានបញ្ចេញឱ្យកសិករប្រើប្រាស់កាលឆ្នំា ២០១៣។ ពូជស្រូវដំណើបស្បៃមង្គម គឺជាប្រភេទស្រូវប្រកាន់រដូវ ដែលជាទូទៅកសិករអាចប្រមូលនៅពាក់កណ្តាលខែធ្នូ។
ពូជស្រូវដំណើបស្បៃមង្គលនេះ ជាពូជស្រូវធ្ងន់ ផ្តល់ទិន្នផលបានពីចន្លោះ ៣.២តោនទៅ ៤តោនក្នុងមួយហិកតា អាស្រ័យទៅលើគុណភាពដី ហើយពូជស្រូវនេះវាធន់ទៅនឹងភាពរាំងស្ងួត និងធន់ទៅនិងទឹកជំនន់ រយៈពេលខ្លី ពិសេសវាធន់ទៅនឹងជំងឺប្លាស់ ។
ការផលិតចេញជាអង្ករ គឺមានគុណភាពល្អ បច្ចុប្បន្នមន្ទីរកសិកម្មខេត្តបាន និងកំពុងជំរុញឱ្យកសិករនៅស្រុកមោងឬស្សី បង្កើនការដំាដុះស្រូវដំណើបពូជស្បៃមង្គលលើផ្ទៃដីជាង២០០ហិកតា ហើយអាចផ្តល់ទិន្នផលរាប់ពាន់តោនសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ។
ជាក់ស្កែង សម្រាប់ កសិករនៅក្នុងស្រុកមោងឬស្សីក៏ធ្លាប់ធ្វើការដំាដុះពូជស្រូវដំណើបសល់ពីបុរាណ ទើបខាងមន្ទីរជំរុញឱ្យកសិករធ្វើការដំាដុះពូជស្រូវដំណើបស្បៃមង្គល ដែលចេញដោយ CARDI ដែលជាពូជមានគុណភាពល្អសម្រាប់ធ្វើជានំ ព្រោះមានការវាយតម្លៃថាវាមានទីផ្សារល្អ។
ដោយឡែក ពូជស្រូវដំណើបធម្មតា គឺជា ពូជសល់ពីបុរាណដែល កសិករអាចលក់បាន ពី១ ០០០រៀលទៅ១១០០រៀលប៉ុណ្ណោះ តែសម្រាប់ពូជស្បៃមង្គលនេះអាចលក់បានថ្លៃ១៤០០រៀលទៅ ១៥០០រៀលក្នុងមួយគីឡូក្រាម ។
ពូជស្រូវដំណើបស្បៃមង្គល ត្រូវបានក្រសួងពាណិជ្ជកម្មចុះម៉ាកអង្ករសមូហភាព កាលពីខែមិថុនា ឆ្នាំ២០២2 ដើម្បីបង្កើតអត្តសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នា នៃប្រទេសផលិតអង្ករក្រអូបផ្សេងទៀត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងកន្លងមក តែងតែយកចិត្តទុកដាក់ និងជំរុញទៅលើខ្សែច្រវាក់ផលិតកម្ម ដែលមានសក្តានុពលនៅតាមភូមិ ឃុំ បើសិនទីផ្សារខាងក្រៅកើតឡើងមែនពិតនោះ មន្ទីរកសិកម្មនឹងធ្វើការជំរុញឱ្យកសិករពង្រីកផ្ទៃដីផលិតស្រូវដំណើបស្បៃមង្គលថែមទៀត ក្រៅពីនៅស្រុកមោងឬស្សី , ស្រុកថ្មគោល ,ស្រុកបវិល រួមនិងខាងស្រុកបាណន់។



